យោងតាមទិន្នន័យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល ៨ ខែនៃឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបាននូវទំហំទឹកប្រាក់ជាង ១០ ប៊ីលានដុល្លារអាម៉េរិក កើនឡើងពី ៨ ប៊ីលានដុល្លារអាម៉េរិកនៅក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៣ ស្មើនឹង២៤,៥%។ ទិន្នន័យនេះបញ្ជាក់ថា ចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ១០,០៧ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជានាំទំនិញទៅចិន មានតម្លៃ ១,១៤ ប៊ីលានដុល្លារអាម៉េរិក និងទំនិញចិននាំចូលមកកម្ពុជាតម្លៃ ៨,៩២ ប៊ីលានដុល្លារអាម៉េរិក កើនឡើង២៤,៨%។ ចំនួននេះបង្ហាញថា ឱនភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិនបានកើនឡើងដល់ជាង១០% ដែលស្មើនឹងទឹកប្រាក់ ៧,៧៧ ប៊ីលានដុល្លារអាម៉េរិក។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា ការនាំចូលពីប្រទេសចិនច្រើន ប៉ុន្តែផលិតកម្មចិនក៏មានច្រើននៅកម្ពុជា ដូចជារោងចក្រកាត់ដេរនិងរោងចក្រឧស្សាហកម្ម។ល។ ដែលទូរទាត់ទៅមិនទាន់មានឱនភាពខ្ពស់នោះទេ។ ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយប្រទេសចិនក៏ដោយ ក៏ឱនភាពពាណិជ្ជកម្មនៅតែបន្តកើតមាន ដោយសារនៅកម្ពុជាមានតម្រូវការធំពីប្រទេសចិន ដោយសារតម្រូវការជាវត្ថុធាតុដើមនិងសម្ភារៈពីប្រទេសចិនមានតម្លៃថោកជាងគេបើប្រៀបធៀបជាមួយអាស៊ាន។ ក្រៅពីនេះ កសិផលហូបចុក ផ្លែឈើ និង គ្រឿងទេសរបស់ចិនក៏មានតម្លៃសមរម្យអាចទទួលយកបាន ដែលអាចឆ្លើយតបទៅនឹងកម្រិតជីវភាពប្រជាជនកម្ពុជា។ ដោយឡែក ទំនិញមកពីអាម៉េរិក អង់គ្លេស ជប៉ុន ឬកូរ៉េខាងត្បូង សុទ្ធតែមានតម្លៃថ្លៃ ដែលប្រជាជនកម្ពុជាមិនទាន់អាចមានលទ្ធភាពប្រើប្រានច្រើនទេ។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងខិតខំបន្តធ្វើពិពិធកម្មទីផ្សារតាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) និងការធ្វើពិពិធកម្មមុខទំនិញនាំចេញឱ្យរក្សាអាទិភាពចំពោះទំនិញនាំចេញក្រៅពីកសិផលយើង មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប ទោចក្រយានយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំ និង ទំនិញកសិផលកែច្នៃជាច្រើនទៀត ដើម្បីបង្កើននូវផលិតភាពនៃផលិតកម្ម៕ |